តេីត្រូវដោះស្រាយវិវាទបែបណា សម្រេចក្តីដោយខ្លួនឯង ឬប្រគល់ឲ្យអ្នកដ៏ទៃសម្រេចឲ្យ? How to resolve Disputes, made a Decision by Disputants themselves or by the Third Party?

ការដោះស្រាយវិវាទមិនថាជាវិវាទរដ្ឋប្បវេណី ឬវិវាទពាណិជ្ជកម្មនោះទេតែងតែមានយន្តការឬរបៀបច្រើនឆ្លើយតបទៅនឹងភាគីវិវាទចង់បាន ។ យន្តការទាំងនោះ ខ្លះផ្តល់សិទ្ធិឲ្យភាគីវិវាទធ្វើការសម្រេចក្តីដោយខ្លួនឯង ហើយខ្លះទៀតត្រូវប្រគល់សិទ្ធិឲ្យតតិយជនសម្រេចឲ្យពួកគេ ។ ហេតុនេះ បានជាមានសំណួរថា តើភាគីវិវាទត្រូវដោះស្រាយវិវាទបែបណា?

(Source: Google.)

យន្តការឬរបៀបនៃការដោះស្រាយវិវាទដោយអនុញ្ញាតឲ្យភាគីវិវាទធ្វើសេចក្តីសម្រេចដោយខ្លួនឯងមាន៖ ការចរចា ការសម្រុះសម្រួលសន្ធានកម្ម ។​ល។ ការចរចា គឺជាវិធីដោះស្រាយវិវាទដោយភាគីវិវាទពិភាក្សាគ្នាទៅវិញទៅមក ហើយពេលខ្លះភាគីវិវាទអាចមានអ្នកតំណាងពួកគេចូលរួមផងដែរ ដូចជាមេធាវី ជាដើម ប៉ុន្តែការសម្រេចសេចក្តីនៅតែចាត់ទុកជារបស់ភាគីវិវាទដដែល ។ រីឯសន្ធានកម្ម ឬការសម្រុះសម្រួល គឺជាយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែរ តែមានភាគីទី៣ត្រូវបានជ្រើសតាំងដោយគូភាគីវិវាទហៅថា សន្ធានការី ឬអ្នកសម្រុះសម្រួល ។ បុគ្គលនេះ គឺជាជនអព្យាក្រឹត ហើយចូលរួមជួយភាគីវិវាទឲ្យអាចធ្វើសេចក្តីសម្រេចបញ្ចប់វិវាទដោយពួកគេដដែល។

(Source: Google.)

យន្តការឬរបៀបនៃការដោះស្រាយវិវាទដោយអនុញ្ញាតឲ្យតតិយជនធ្វើសេចក្តីសម្រេចឲ្យភាគីវិវាទ មាន៖ មជ្ឈត្តការពាណិជ្ជកម្ម បណ្តឹងវិវាទឬប្រព័ន្ធតុលាការ ។ល។ មជ្ឈត្តការពាណិជ្ជកម្ម គឺជាយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលត្រូវបានទទួលស្គាល់ដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ តាមរយៈយន្តការនេះ តតិយជនដែលជាមជ្ឈត្តករ ត្រូវបានជ្រើសតាំងដោយភាគីវិវាទឲ្យធ្វើសេចក្តីសម្រេចបញ្ចប់វិវាទឲ្យពួកគេ តែវាអនុវត្តសម្រាប់តែវិវាទពាណិជ្ជកម្មប៉ុណ្ណោះ ។ រីឯប្រព័ន្ធតុលាការ គឺជាយន្តការដោះស្រាយវិវាទដែលផ្អែកលើច្បាប់ជាតិ។ ការដោះស្រាយវិវាទតាមប្រព័ន្ធនេះ គឺបានទាំងវិវាទរដ្ឋប្បវេណី និងវិវាទពាណិជ្ជកម្ម ហើយអាស្រ័យនឹងសមត្ថកិច្ចមុខការរបស់តុលាការ និងការដាក់បណ្តឹងឲ្យមានចលនាដោយភាគីវិវាទម្ខាង។ ការសម្រេចសេចក្តីបញ្ចប់វិវាទដោយតតិយជនដែលជាចៅក្រមឬក្រុមប្រឹក្សាជំនុំជម្រះត្រូវបានចាត់តាំងដោយប្រធានតុលាការមុខការនោះ ។

ក្រៅពីយន្តការទាំងពីរខាងលើ វាក៏នៅមានយន្តការកូនកាត់រវាងយន្តការទាំងពីរខាងលើបញ្ចូលគ្នាដែរ ដោយវាជាការស្រុះស្រួលគ្នាឬការសម្រេចសេចក្តីពីភាគីវិវាទ តែសេចក្តីសម្រេចឬការស្រុះស្រួលគ្នានោះត្រូវបានចាត់ទុកជាសេចក្តីសម្រេចរបស់ភាគីទីបីទៅវិញ។ យន្តការនោះមានក្នុងដំណើរការមជ្ឈត្តការពាណិជ្ជកម្ម និងប្រព័ន្ធតុលាការ ។ សំរាប់មជ្ឈត្តការពាណិជ្ជកម្ម ផ្អែកលើមាត្រា៣៨​នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម កម្ពុជា បានកំណត់ថា មុនពេលចាប់ផ្តើមដំណើរការផ្លូវការមជ្ឈត្តការ វេទិកាមជ្ឈត្តកម្មត្រូវពិភាក្សាជាមួយភាគីវិវាទដើម្បីស្វែងរកលទ្ធភាពនៃការដោះស្រាយវិវាទដោយស្ម័គ្រចិត្តរបស់ភាគី ។ នៅពេលភាគីវិវាទអាចស្រុះស្រួលបញ្ចប់វិវាទ នេះកំណត់ថាជាមជ្ឈត្តវិនិច្ឆ័យដោយការស្រុះស្រួល ហើយត្រូវបានចាត់ទុកថាជា«មជ្ឈត្តវិនិច្ឆ័យរបស់វេទិកាមជ្ឈត្តកម្ម»ដែរ ។ រីឯប្រព័ន្ធតុលាការ ក៏មានករណីដូច្នោះដែរ យោងតាមមាត្រា៩៧ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានកំណត់ថា «តុលាការអាចសាកល្បងធ្វើការផ្សះផ្សាបាន ទោះបីជាបណ្តឹងស្ថិតក្នុងដំណាក់កាលណាក៏ដោយ» ។ បើមានការសះជានឹងគ្នា មានការកត់ត្រាក្នុងកំណត់ហេតុរបស់តុលាការ ហើយកំណត់ហេតុស្តីពីការសះជានេះមានអនុភាពដូចគ្នានឹងសាលក្រមស្ថាពរ, មាត្រា២២២ នៃក្រមនេះដដែល​ ។

(Source: Google.)

សរុបសេចក្តីមក ភាគីវិវាទត្រូវមានការសម្រេចចិត្តមួយច្បាស់លាស់ក្នុងការជ្រើសរើស យកយន្តការដោះស្រាយវិវាទរបស់ខ្លួន ដោយចង់សម្រេចក្តីដោយខ្លួនឯង ឬឲ្យភាគីទី៣ សម្រេចឲ្យ ឬយន្តការកូនកាត់ដោយការសម្រេចសេចក្តីដោយខ្លួនឯង តែចាត់ទុកជាការសម្រេចរបស់ភាគីទី៣ ។ ការជ្រើសរើសយន្តការណាមួយ ក្រៅពីចំណូលចិត្តរបស់ភាគីវិវាទ វាក៏បង្ហាញពីផលប្រយោជន៍ ពេលវេលា និងកត្តាផ្សេងៗទៀតដែលនឹងសង្ឃឹមទទួលបានផងដែរ ៕

អ្នកដោះស្រាយវិវាទអាជីព Professional in ADR & Litigation.